ប្រវត្តិ​នាយកដ្ឋាន

កម្ពុជា ​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ ស្តីពី​ការប្រែប្រួល​អាកាសធាតុ (UNFCCC) នៅ​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ១៩៩៥។ អនុសញ្ញា​នេះ​បាន​ចូល​ជា​ធរមាន​សម្រាប់​កម្ពុជា នៅ​ថ្ងៃទី១៧ខែមីនា​ឆ្នាំ១៩៩៦។

កម្ពុជា ​បានចាប់ផ្តើម​អនុវត្ត​គម្រោង​ប្រែប្រួល​អាកាសធាតុ​លើកដំបូង​ឈ្មោះថា “កសាង​សមត្ថភាព​កម្ពុជា​ដើម្បី​រៀបចំ​របាយការណ៍​ជាតិ​លើក​ទី១ ស្តីពី​ការប្រែប្រួល​អាកាសធាតុ” ក្នុង​ឆ្នាំ១៩៩៩។ គម្រោង​នេះ​ត្រូវបាន​អនុវត្ត​ដោយ​ក្រសួងបរិស្ថាន ក្រោម​ការគាំទ្រ​ពី​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​មូលនិធិ​បរិស្ថាន​ពិភពលោក (GEF)។

គម្រោង​នេះ​មាន​រយៈពេល​បី​ឆ្នាំ ដែលមាន​គោលបំណង​រៀបចំ​របាយការណ៍​ជាតិ​លើក​ទី១របស់​កម្ពុជា ផ្ញើ​ទៅកាន់​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ។ គម្រោង​នេះ ត្រូវបាន​ចាត់ទុកជា​ជំហាន​ទីមួយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​ជាក់ស្តែង​នូវ​អនុសញ្ញា​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា។ គម្រោង​នេះ​បាន​ជួយ​ប្រទេស​ក្នុង​ការកសាង​សមត្ថភាព​បច្ចេកទេស និង​ផ្នែក​ស្ថាប័ន​ប្រែប្រួល​អាកាសធាតុ ​និង​បាន​ជួយ​លើកកម្ពស់​ចំណេះដឹង​ប្រែប្រួល​អាកាសធាតុ​សម្រាប់​ស្ថាប័ន និង​បុគ្គល ចាប់ពី​ថ្នាក់មូលដ្ឋាន​រហូតដល់​ថ្នាក់ដឹកនាំ​នយោបាយ​ជាន់ខ្ពស់។

គម្រោង​នេះ​បាន​បន្ត​ក្នុងដំណាក់កាល​ទី២ រយៈពេល ១ឆ្នាំ​ ក្នុង​ឆ្នាំ២០០២។ ដំណាក់កាល​នេះ បាន​ជួយ​ឱ្យ​ប្រទេស​អាច​បន្ត និង​ពង្រឹងសមត្ថភាព​ប្រែប្រួល​អាកាសធាតុ​ដោយ​ផ្តោតលើ​ការកែលម្អ​សកម្មភាព​នានា​ ដែល​ទាក់ទង​នឹង​កែលំអ​ទិន្នន័យ និង​មេគុណ​បញ្ចេញ​ឧស្ម័ន​ពី​ការប្រែប្រួល​ការប្រើប្រាស់​ដី និង​វិស័យ​ព្រៃឈើ និង​កសិកម្ម។ សកម្មភាព​ទាំងនេះ ត្រូវបាន​ជ្រើសរើស​មក​អនុវត្ត ដោយសារ​ភាពចាំបាច់​នៃ​វិស័យ​ទាំងនេះ​ក្នុង​បរិបទ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការបញ្ចេញ/ការ​ស្រូប​ឧស្ម័ន​ផ្ទះ​កញ្ចក់។

ខែសីហា ឆ្នាំ២០០២ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន បាន​ដើរតួនាទី​ជា​ជន​បង្គោល​ថ្នាក់ជាតិ​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តី​ការប្រែប្រួល​អាកាសធាតុ។ នៅ​ប្រទេស​កម្ពុជា​មានតែ​អនុសញ្ញា​បរិស្ថាន​អន្តរជាតិ​នេះ​តែមួយគត់ ដែលមាន​ជន​បង្គោល​ថ្នាក់​រដ្ឋមន្ត្រី ដែល​បានបញ្ជាក់​ពី​ការទទួលស្គាល់​នូវ​ភាពចាំបាច់ និង​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ។

ខែមិថុនា ឆ្នាំ២០០៣ ក្រសួងបរិស្ថាន​បាន​បង្កើត​ការិយាល័យ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា (CCCO) ដោយ​ប្រកា​សលេខ ១៩៥ ចុះ​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣។ ការិយាល័យ​នេះ ទទួលខុសត្រូវ​រាល់​សកម្ម​ភាពទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ។

ខែធ្នូ​ ឆ្នាំ២០០២ ក្រសួងបរិស្ថាន និង មជ្ឈមណ្ឌល​របស់​កម្ម​វិធី​បរិស្ថាន​សហប្រជាជាតិ   (UNEP Risoe) ស្តីពី​ថាមពល​អាកាសធាតុ​ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​ជំហាន​ទី១ “ការអភិវឌ្ឍ​សមត្ថភាព​សម្រាប់​យន្តការ​អភិវឌ្ឍន៍​ស្អាត (CD4CDM)” ដែល​បានបញ្ចប់​ដោយ​ជោគជ័យ​ក្នុង​ខែមេសា ឆ្នាំ២០០៣។ គម្រោង​នេះ បានទទួល​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ក្រសួងការបរទេស​ប្រទេស​ហូ​ឡង់​ តាមរយៈ​កម្មវិធី​បរិស្ថាន​អង្គការសហប្រជាជាតិ (UNEP)។

បន្ទាប់មក​ការិយាល័យ​បានចាប់ផ្តើម​អនុវត្ត​គម្រោង CD4CDM ដំណាក់កាល​ទី២ ក្នុង​ខែកក្កដា ឆ្នាំ២០០៣ រហូត​ ខែធ្នូ  ឆ្នាំ២០០៥។ គោលបំណង​រួម​នៃ​កម្មវិធី​នេះ ​គឺ​ដើម្បី​បង្កើន​ការយល់ដឹង​ឱ្យ​កាន់តែ​ទូលំទូលាយ និង​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន ធនធានមនុស្ស​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​ ដើម្បី​ចូលរួម​ពេញលេញ​ក្នុង​ដៃគូ​ស្មើភាព​ជាមួយនឹង​បណ្តា​ប្រទេស​អភិវឌ្ឍ​ ក្នុងការ​បង្កើត និង​អនុវត្ត​យន្តការ​អភិវឌ្ឍន៍​ស្អាត (CDM)។ កម្មវិធី​នេះ ត្រូវបាន​អនុវត្ត​ដោយ​អង្គការ URC សម្រាប់​UNEP ដែលជា​ការទទួលខុសត្រូវ​សម្រាប់​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជាតិ​ពាក់ព័ន្ធ។ សម្រាប់​កម្ពុជា គម្រោង​នេះ​មាន​គោលបំណង​ចំនួន ៥៖

គោលបំណង​ទី១៖ បង្កើត​នីតិវិធី និង​រចនាសម្ព័ន្ធ​សម្រាប់​អនុវត្ត​គម្រោង​ឱ្យ​ទទួលបាន​ជោគជ័យ។

គោលបំណង​ទី២៖ រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ ​និង​លើកកម្ពស់​ការយល់ដឹង​អត្ថប្រយោជន៍​នៃ​អនុវត្ត​យន្តការ​អភិវឌ្ឍន៍​ស្អាត​សម្រាប់​អ្នកពាក់ព័ន្ធ​ និង​ជំរុញ​ការគាំទ្រ​របស់​រដ្ឋាភិបាល​ឱ្យ​ចូលរួម​អនុវត្ត។

គោលបំណង​ទី៣៖ ជួយ​រាជរដ្ឋាភិបាល​ក្នុងការ​បង្កើត​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​យន្តការ​អភិវឌ្ឍន៍​ស្អាត។

គោលបំណង​ទី៤៖ សម្របសម្រួល​ការអភិវឌ្ឍ​សមត្ថភាព​សម្រាប់​វិស័យ​សាធារណៈ​ និង​ឯកជន ដើម្បី​រៀបចំ​ និង​ធានា​ដល់​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង CDM ទៅតាម​ស្ថានភាព​ជាក់ស្តែង។

គោលបំណង​ទី៥៖ បង្កើត​បណ្តាញ​គម្រោង​ដែលមាន​អនុវត្ត​ជា​គម្រោង​CDM។

ខែសីហា ​ឆ្នាំ២០០៣ ការិយាល័យ​បានចាប់ផ្តើម​អនុវត្ត​គម្រោង​ថ្មី​មួយ ឈ្មោះថា “កម្មវិធី​សកម្មភាព​ជាតិ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ” (NAPA) ដោយមាន​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី GEF តាមរយៈ UNDP។ គម្រោង​នេះ មាន​គោលបំណង​រៀបចំ​ផែនការ​សកម្មភាព​ជាក់ស្តែង​របស់​ប្រទេស​ក្នុងការ​ដោះស្រាយ​តម្រូវការ​បន្ទាន់ និងភ្លាមៗ និង​កង្វល់​នានា​របស់​ប្រទេស​ដើម្បី​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ។

ខែតុលា​ ឆ្នាំ២០០៣ វិទ្យាស្ថាន​យុទ្ធសាស្ត្រ​បរិស្ថាន​សាកល (IGES) នៃ​ប្រទេស​ជប៉ុន បានចាប់ផ្តើម​អនុវត្ត​កម្មវិធី​កសាង​សមត្ថភាព​CDM សម្រាប់​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាស៊ី រួមទាំង​កម្ពុជា “ការពង្រឹង​សមត្ថភាព​ចម្រុះ​សម្រាប់​យន្តការ​អភិវឌ្ឍន៍​ស្អាត(ICS-CDM)”។ គោលដៅ​របស់​គម្រោង​ ICS-CDM គឺ​ដើម្បីឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ី​និង​វិនិយោគិន​ពី​ប្រទេស​ជប៉ុន អាច​ចូលរួម​ពេញលេញ​ក្នុង​អនុវត្ត​គម្រោង​ CDM ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​ម្ចាស់​គម្រោង​ ដោយ​ចីរភាព។ គម្រោង​ ICS-CDM ទទួល​ការឧបត្ថម្ភ​ពី​ក្រសួងបរិស្ថាន​ នៃ​ប្រទេស​ជប៉ុន (MoE-ជប៉ុន ) ។

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

 • The new normal: facing climate change +

  Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
 • Act Together to Protect Cambodia From Climate Change +

  Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
 • Ambitious agenda needed to fight climate change +

  Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
 • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

  Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
 • Tonnes of fish killed by heat in Kampong Thom +

  Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
 • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

  ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
 • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ