កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិទៅលើឯកសារអប់រំស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់មធ្យមសិក្សាទុតិយភូមិ

textbookដោយមានកិច្ចសហកា​រក្នុងការបញ្ជ្រាប​ការ​ប្រែប្រួលអាកាសធាតុ​ទៅក្នុង​កម្មវិធីសិក្សា​ថ្នាក់ជាតិ នាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយចីរភាព រួមជាមួយ​នាយកដ្ឋាន​អភិវឌ្ឍន៍កម្មវិធីសិក្សា​នៃក្រសួងអប់រំ យុវជន និងកីឡា គាំទ្រ​ដោយកម្មវិធីសម្ព័ន្ធភាពប្រែប្រួល​អាកាសធាតុកម្ពុជា(CCCA) បានសហការរៀបចំ​សិក្ខាសាលាពិគ្រោះយោបល់​​ថ្នាក់​ជាតិ​ទៅលើ​សេចក្តីព្រាងចុងក្រោយ​នៃ ឯកសារអប់រំ​ស្តីពីការប្រែប្រួលអាកាសធាតុ​សម្រាប់​មធ្យម​សិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ​២០១៨ នៅរាជធានីភ្នំពេញ​ ដោយមានការអញ្ជើញចូលរួមពីតំណាង​ក្រសួងស្ថាប័នជាសមាជិក​ក្រុមការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ សាកលវិទ្យាល័យ វិទ្យាស្ថាន​ជាតិ​អប់រំ និងក្រុមការងារនៃក្រសួងអប់រំ យុវជន និងកីឡា សរុបចំនួន៤៨នាក់ ក្នុងនោះស្រ្តី​១២នាក់។ កិច្ច​ពិគ្រោះយោបល់នេះ ធ្វើឡើងដើម្បី​ប្រមូលធាតុចូលចុង​ក្រោយពីសំណាក់​មន្រ្តី​ជំនាញ​នៃក្រសួង​ស្ថាប័ន​ពាក់ព័ន្ធសំដៅកែលម្អគុណភាពមេរៀន ​បន្ទាប់ពីមានការចុះប្រមូលមតិយោបល់ពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមអ្នកនិពន្ធ​ ជាច្រើនលើក។ ​

លោកបណ្ឌិត ហេង ចាន់ធឿន អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និង​ជាប្រធានក្រុមលទ្ធផលទី៣​សម្រាប់គ្រប់​គ្រង​ចំណេះដឹង​និងទំនាក់ទំនងការប្រែប្រួលអាកាសធាតុ បានគូសបញ្ជាក់ថា «វិស័យអប់រំ បានដើរតួនាទី​សំខាន់​ក្នុងការផ្តល់ពុទ្ធិ ចំណេះ និងជំនាញ ដល់មនុស្សគ្រប់រូបជាពិសេសចាប់ពីកុមារភាព។ ប៉ុន្តែចំណេះដឹង​ស្តីពីការ​ប្រែប្រួល​អាកាសធាតុ តួយ៉ាងដូចជា មូលដ្ឋានគ្រឹះនៃវិទ្យាសាស្រ្តប្រែប្រួលអាកាសធាតុ បាតុភូតធម្មជាតិនិងសកម្មភាពមនុស្ស មូលហេតុនិងផលប៉ះពាល់តាមវិស័យ មិនទាន់ត្រូវបានបញ្ជ្រាបពេញលេញក្នុងកម្មវិធីសិក្សានៅឡើយទេ ជាហេតុធ្វើឱ្យមនុស្ស​ម្នាក់ៗមិនទាន់​អាច​ឆ្លើយតប​នឹង​គ្រោះហន្តរាយនានា​ដែលបណ្តាលមក​ពីការប្រែប្រួលអាកាសធាតុ​ទាន់ពេលវេលា»។ លោកបណ្ឌិត បានបន្តអំពីការជំរុញដើម្បីឱ្យឯកសារ​ប្រែប្រួលអាកាសធាតុនេះ អាចប្រើប្រាស់បាន​ជាផ្លូវការក្នុងពេលឆាប់ៗនេះ។

ថ្លែងក្នុងឱកាសនេះដែរ លោក អោ សៀម ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា​នៃក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងពីសារៈសំខាន់នៃការផលិតឯកសារនិងការបញ្ជ្រាបខ្លឹមសារសំខាន់ៗទៅក្នុងកម្មវិធីអប់រំថ្នាក់ជាតិ ថាបានកំពុងរួមចំណែកក្នុងការពង្រឹង និងកែលម្អដល់កម្មវិធីសិក្សា​ថ្នាក់ជាតិដែលជា​គោលការណ៍មួយក្នុង​ចំណោម​គោលការណ៍​ទាំង១៥ចំណុច​នៃកំណែទម្រង់វិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ លោកបានបន្តថា កិច្ចការចងក្រងឯកសារនេះនៅពុំទាន់ត្រូវបានបញ្ចប់សព្វគ្រប់នៅឡើយ ប៉ុន្តែសិក្ខាសាលាពិគ្រោះយោបល់ថ្ងៃនេះ​គឺជាឱកាសពិសេស ព្រោះវាជាដំណាក់កាល​ប្រមែប្រមូលមតិយោបល់ថ្នាក់ជាតិ​ចុងក្រោយពីក្រុមការងារបច្ចេកទេស​ស្តីពីការប្រែប្រួលអាកាសធាតុនិងអ្នកពាក់ព័ន្ធនានា មុននឹងប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការ។

សេចក្តីព្រាងមេរៀនទាំង​នេះរួមមាន៖ សម្រាប់ថ្នាក់ទី​១០មាន២មេរៀន គឺ សេចក្តីផ្តើមពីប្រព័ន្ធអាកាសធាតុភពផែនដី តុល្យភាពថាមពលភពផែនដី, សម្រាប់ថ្នាក់ទី​១១មាន​៣មេរៀន គឺ ឥទ្ធិពលរបស់មនុស្សលើប្រព័ន្ធអាកាសធាតុ ភស្តុតាងនៃការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ, និងសម្រាប់ថ្នាក់ទី​១២មាន​២មេរៀន គឺ ការស្វែងយល់អំពីភាពងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ និងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ គឺជាគម្រោងដែលកំពុងអនុវត្ត​ដោយនាយកដ្ឋាន​អភិវឌ្ឍន៍កម្មវិធី​សិក្សានៃ​ក្រសួងអប់រំ យុវជន និងកីឡា គាំទ្រដោយ​កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (Cambodia Climate Change Alliance: CCCA) ក្នុង​គោលបំណង​ដើម្បី​ “លើកកម្ពស់ចំណេះដឹងមន្រ្តីផ្នែកអប់រំ គ្រូបង្រៀន និង​សិស្សានុ​សិស្ស​កម្រិតមធ្យមសិក្សា​ តាមរយៈការបញ្ជ្រាបមុខវិជ្ជាប្រែប្រួលអាកាសធាតុ​ទៅក្នុង​កម្មវិធីសិក្សាថ្នាក់ជាតិ”។

IMG 9458 1

IMG 9452 1

 

 

Climate Change NewsLinks

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • Ratanakkiri Running Out of Water Amid Worst Drought in Years +

    Source: The Camboida Daily With a severe drought choking the northeast, it’s only a matter of weeks before many residents Read More
  • 1

Test your climate change knowledge - get a chance to win a prize

CLIMATE QUIZ

The CCCA is implemented by the Ministry of Environment and support by these partners

Cambodia Climate Change Alliance